Home » » មន្ត្រី​យោធា​ខ្មែរ​ចែក​រំលែក​ព័ត៌មាន​ជា​មួយ​មន្ត្រី​យោធា​អាមេរិក

មន្ត្រី​យោធា​ខ្មែរ​ចែក​រំលែក​ព័ត៌មាន​ជា​មួយ​មន្ត្រី​យោធា​អាមេរិក








2011-08-29


មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា បាន​ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ជូន​មេ​បញ្ជា​ការ​យោធា​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក ដែល​មក​បំពេញ​ទស្សនកិច្ច។



មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​សំដែង​ការ​ពេញ​ចិត្ត​អំពី​លទ្ធផល​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ទ្វេភាគី រវាង​មេ​បញ្ជា​ការ​ភូមិ​ភាគ​ទី​៤ កម្ពុជា និង​មេ​បញ្ជា​ការ​ភូមិភាគ​ទី​២ របស់​ថៃ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន សន្តិសុខ និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រួម​គ្នា នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ។


ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី រវាង​នាយ​ឧត្ដមសេនីយ៍ នាង ផាត ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ជា​មួយ​និង​ឧត្ដមសេនីយ៍​ត្រី រីឆាត ស៊ីមខក (Richard Simcock) ជា​នាយក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍ នៃ​ក្រសួង​ការ​ពារ​ជាតិ​សហ​រដ្ឋ​អាមេរិក នៅ​ឯ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១។


នាយ​ឧត្ដមសេនីយ៍ នាង ផាត ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​អន្តរ​ក្រសួង សម្របសម្រួល​ព័ត៌មាន​ឆាប់​រហ័ស​ពី​សមរភូមិ និង​សន្តិសុខ​ជាតិ បាន​មាន​ប្រសាសន៍​ថា ភាគី​យោធា​ថៃ និង​កម្ពុជា បាន​ឯកភាព​គ្នា​អនុវត្ត​តាម​សាលដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ)។ លោក​បន្ត​ថា ៖ "យើង​បាន​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ និង​បាន​ឯក​ភាព​គ្នា​ធ្វើ​ម៉េច​កសាង​តំបន់​ព្រំដែន​នេះ ជា​តំបន់​មាន​សន្តិភាព និង​ស្ថិរភាព និង​សហ​ប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា។ ក្រៅ​ពី​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯក​ភាព​ថា យើង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​អនុវត្ត​នូវ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ ថ្ងៃ​ទី​១៨ ខែ​កក្កដា"


លោក នាង ផាត បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) នៅ​ខែ​កញ្ញា ឆ្នាំ​២០១១ នៅ​ក្នុង​ប្រទេស​កម្ពុជា​ខាង​មុខ​នេះ។


ឧត្ដម​សេនីយ៍​ត្រី រីឆាត ស៊ីម​ខក មិន​បាន​មាន​ប្រសាសន៍​ចំៗ ទៅ​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កន្លង​មក​នោះ​ទេ ប៉ុន្តែ​លោក​បាន​សំដែង​ការ​សាទរ​ចំពោះ​ប្រទេស​កម្ពុជា គ្រោង​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ។ លោក​បន្ត​ថា ៖ "ក្រសួង​ការ​ពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ផ្ដល់​ជំនួយ​នានា​តាម​សេចក្ដី​ត្រូវ​ការ​ដល់​ប្រទេស​កម្ពុជា"


មេ​បញ្ជា​ការ​នៃ​យោធ​ភូមិ​ភាគ​ទី​៤ លោក ជា ម៉ន និង​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​២ លោក តាវ៉ាត់​ឆៃ សា​ម៉ុត​សា​ខន (Tawatchai Samutsakhon) បាន​បើក​កិច្ច​ប្រជុំ​ទ្វេភាគី​សំខាន់​មួយ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១១ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​នគរ​រាជ​សីមា ប្រទេស​ថៃ​ផ្ដោត​លើ​ការ​ដក​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ៕


Share this article :

0 comments:

Post a Comment