Home » » តំណាង​សហគមន៍​ការពារ​ព្រៃឈើ​៤​ខេត្ត​ជួប​ប្រជុំ​សម្ដែង​កង្វល់

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​៤​ខេត្ត​ជួប​ប្រជុំ​សម្ដែង​កង្វល់








2011-08-31


តំណាង​សហគមន៍​ការពារ​ព្រៃឈើ ដីធ្លី និង​ការពារ​ផល​នេសាទ​មក​ពី​ខេត្ត​ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ជាង ៥០​នាក់ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សណ្ឋាគារ​ក្នុង​ទី​រួម​ខេត្ត​បាត់ដំបង អស់​រយៈពេល​បី​ថ្ងៃ​ហើយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១១ នេះ ដោយ​បាន​នាំ​គ្នា​ពិភាក្សា​គ្នា​លើ​បញ្ហា​ផ្សេងៗ​ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ​នៅ​តាម​សហគមន៍។



លោកស្រី អឿន សារីម តំណាង​សហគមន៍​មក​ពី​តំបន់​បឹងប្រាំ ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា ថា កង្វល់​ធំៗ​ចំនួន​បី​ចំណុច​ដែល​បញ្ហា​ទាំង​នោះ​មាន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​បទល្មើស​នេសាទ និង​ការ​បាត់បង់​ធនធាន​ព្រៃឈើ។ 


លោកស្រី​បន្ត​ដូច្នេះ ៖ «បើ​និយាយ​ទៅ​ស្ទើរ​តែ​ទូទាំង​ប្រទេស​កម្ពុជា យើង​ជួប​ប្រទះ គឺ​បញ្ហា​ដីធ្លី​ព្រៃ​ឈើ នេសាទ អ៊ីចឹង​នៅ​ក្នុង​ហ្នឹង សហគមន៍​នីមួយៗ​ដែល​ជួប​ប្រទះ​បញ្ហា​ហ្នឹង​តាម​តំបន់​នីមួយៗ គេ​ចែក​ចេញ​ជា​ប្រាំ​តំបន់ ដោយ​ឡែក​យើង​នេះ​មាន​បួន​ខេត្ត ដោយសារ​គាត់​រង​ផល​ប៉ះពាល់​ទាក់ទង​បញ្ហា​ដីធ្លី​ព្រៃឈើ នេសាទ»


លោក ម៉េង ប៊ុនរឿន មក​ពី​ភូមិ​ក្បាលទាហាន ឃុំ​ឈើតុម ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ៖ «ដោយសារ​តែ​សម្បទាន​ច្រើន​លើសលប់​ពេក​មាន​រហូត​ទៅ​ដល់ ១៣៩ .៨៦៣​ហិកតារ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដល់​ពេល​ច្រើន​លើសលប់​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​របរ​ប្រជាពលរដ្ឋ​ជា​សំខាន់ គឺ​ប៉ះពាល់​បរិស្ថាន​យ៉ាង​ខ្លាំង​ដល់​ថ្ងៃ​អនាគត»


ចំណែក​ឯ​លោកស្រី នូ ឡេង មក​ពី​ភូមិ​សន្តិភាព ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​មើល​ស្ថាប័ន​តុលាការ ដែល​លោកស្រី​ចោទ​ថា បាន​ប្រែ​ក្លាយ​សំណុំ​រឿង​ទំនាស់​ដីធ្លី​ជា​បទល្មើស​ផ្សេងៗ ដើម្បី​ចាប់​មនុស្ស​ឃុំ​ខ្លួន ៖ «សុំ​ផ្សព្វផ្សាយ​ឲ្យ​ទៅ​ដល់​រដ្ឋាភិបាល​ឲ្យ​គាត់​ជួយ​រក​ខុស​ត្រូវ ជួយ​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ​ផង។ បញ្ហា​កើត​ឡើង​រឿង​ដី ដល់​ពេល​ចាប់​គ្នា​មក​គឺ​ក្លាយ​ទៅ​ប៉ុនប៉ង​មនុស្ស​ឃាត សុទ្ធ​តែ​ប្លន់ សូម​កុំ​ឲ្យ​មាន​អា​ក្បាច់​ហ្នឹង​អី លោក​តុលាការ!»


ប្រធាន​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង លោក ស៊ុន តឹក បាន​មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​ប្រជា​សហគមន៍​នៅ​ក្នុង​ខេត្ត​ទាំង​បួន នៃ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា។


លោក​បាន​សង្កត់​ធ្ងន់​ថា ករណី​ដីធ្លី ព្រៃឈើ និង​បទល្មើស​នេសាទ​នៅ​តែ​មាន​ឡើង​នៅ​តាម​បណ្ដាល​សហគមន៍​ទាំង​នោះ​ដដែល ៖ «បញ្ហា​មួយ​ចំនួន​យើង​បាន​ដោះស្រាយ​បណ្តើរៗ ប៉ុន្តែ​វា​អត់​បាន​ទទួល​លទ្ធផល​អី​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ សមត្ថកិច្ច និង​អាជ្ញាធរ​គាត់​ដោះ អ៊ីចឹង​កន្លែង​ខ្លះ​នៅ​មិន​ទាន់​មាន​ដំណើរការ​តែម្ដង។ អ៊ីចឹង​យើង​ក្នុង​នាម​អង្គការ​លីកាដូ ខ្ញុំ​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​ទាំង ៤​ខេត្ត ក៏​ដូចជា​សមត្ថកិច្ច​សុំ​ជួយ​ដោះស្រាយ​សហគមន៍​ដែល​គាត់​មាន​កង្វល់»


អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា ប្រសិន​បើ​រាជរដ្ឋាភិបាល​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង​នៅ​តាម​សហគមន៍​ នៅ​តាម​បណ្តា​ខេត្ត​ទាំង​នោះ​ទេ បញ្ហា​នៅ​តែ​កើត​មាន​បន្ត​មិន​ចេះ​ចប់ ដែល​អាច​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កើន​ឡើង ហើយ​ប្រជាពលរដ្ឋ​អាច​នឹង​មាន​ងើប​ឡើង​ប្រឆាំង​ជំទាស់ ដែល​នាំ​ទៅ​រក​ការ​រាំង​ស្ទះ​ដល់​ផែន​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ថែម​ទៀត៕


Share this article :

0 comments:

Post a Comment