Home » » មន្ត្រី​ជលផល​​លែង​ត្រី​ប្រមាណ​៤​ម៉ឺន​ក្បាល​នៅ​បឹង​ធម្មជាតិ

មន្ត្រី​ជលផល​​លែង​ត្រី​ប្រមាណ​៤​ម៉ឺន​ក្បាល​នៅ​បឹង​ធម្មជាតិ








2011-08-30


ក្រុម​មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​ធ្វើ​ទិវា​លែង​​ត្រី​ទៅ​បឹង​ធម្មជាតិ​ប្រមាណ ៤​ម៉ឺន​ក្បាល និង​ដុត​កម្ទេច​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​ចាប់​បាន​ក្នុង​ពេល​កន្លង​មក។



RFA/Mom Sophon


មន្ត្រី​ជលផល​លែង​កូន​ត្រី​នៅ​បឹង​ធម្មជាតិ​ពណ្ណរាយ នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១។




លោក ណៅ ធួក ប្រធាន​រដ្ឋបាល​ជលផល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ក្នុង​ទិវា​មច្ឆា​ជាតិ​នេះ គឺ​ក្នុង​ន័យ​បង្កើន​ផល​ត្រី​នៅ​ក្នុង​បឹង​ធម្មជាតិ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់។


លោក​បន្ត​ថា ៖ «ប្រជាពលរដ្ឋ​យើង​កើត​យ៉ាង​ច្រើន​ដែល​តម្រូវ​ឲ្យ​យើង​មិន​អាច​ប្រើប្រាស់​ត្រី​ធម្មជាតិ​នេះ​គ្រប់​គ្រាន់​ទេ ចាំបាច់​ត្រូវ​តែ​លែង​នេះ​មួយ​ផ្នែក ហើយ​ចិញ្ចឹម​នេះ​មួយ​ផ្នែក​ទៀត ហើយ​ថ្មីៗ​នេះ​ឯកឧត្ដម លោក​ជំទាវ លោក​លោកស្រី ជ្រាប​ស្រាប់​ហើយ​ថា សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន លោក​សម្រេច​ចិត្ត​មួយ​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​ផល​ត្រី​នៃ​ប្រទេស​កម្ពុជា​យើង​កើន​ឡើង​វិញ ជា​ពិសេស​បឹង​ទន្លេ​សាប​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ជង្រុក​ត្រី​នៅ​តំបន់​អាស៊ី។ លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្អាក​ឡូត៍​នេសាទ ដក​ឡូត៍​នេសាទ​រយៈពេល ៣​រដូវ​សិន»។ 


ផល​ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​រង​ការ​បំផ្លាញ​ដោយសារ​តែ​មាន​ជនល្មើស​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដើម្បី​នេសាទ​ត្រី។ 


មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​បាន​លែង​កូន​ត្រី និង​មេត្រី​ពូជ​ប្រមាណ ៤​ម៉ឺន​ក្បាល​ចូល​ទៅ​បឹង​ធម្មជាតិ​មួយ​ក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១។ 


លោក ងឹន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១១ នេះ អាជ្ញាធរ​ចាប់​ឧបករណ៍​នេសាទ​លូ​ស្បៃ​មុង​បាន ២០០​មាត់ របាំង​ស្បៃ​មុង​បាន ៩.៣៥០​ម៉ែត្រ របាំង​ព្រួល ១.២០០​ម៉ែត្រ។


អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិម៉ា ថ្លែង​សុំ​ឲ្យ​ជួយ​រក្សា​ត្រី​នៅ​ក្នុង​បឹង​ធម្មជាតិ​ដើម្បី​ទុក្ខ​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ដោយ​ស្រប​ច្បាប់។


លោក​បន្ត​ថា អាជ្ញាធរ​ប្រើ​វិធានការ​ខ្លាំង​ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តែ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នោះ ៖ «ហើយ​លែង​ទៅ​ដល់​ត្រី​ធំ​ធាត់​គ្មាន​អ្នក​ណា​ចាប់​ក្រៅ​ពី​បង​ប្អូន​នៅ​ទី​ហ្នឹង​ទេ។ ដូច្នេះ​បង​ប្អូន​ត្រូវ​ថែ គឺ​កុំ​ប្រើ​ឧបករណ៍​ដែល​យើង​និយាយ​អម្បាញ់​មិញ​អ៊ីចឹង ឆក់ ស្បៃ​មុង គឺ​ចង្រៃ​ណាស់ អស់​រលីង​តែ​ម្ដង និយាយ​រួម​គឺ​ពាយ​តែ​ម្ដង។ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​ច្បាស់​ថា លើក​ទី​មួយ​យក​ឧបករណ៍​មក​ដុត លើក​ទី​ពីរ​គឺ​ចាប់​មនុស្ស​ហើយ»។ 


នៅ​ក្នុង​ពិធី​មច្ឆា​ជាតិ​នោះ ក្រៅ​ពី​លែង​កូន​ត្រី និង​មេត្រី​ពូជ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ អាជ្ញាធរ​ក៏​បាន​ដុត​កម្ទេច​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ដូច​ជា​ស្បៃ​មុង និង​ឧបករណ៍​ឆក់​ត្រី​ជា​ដើម ដែល​អាជ្ញាធរ​ចាប់​បាន​កាល​ពី​ពេល​កន្លង​មក​នោះ។ 


លោក ស៊ឹម ស៊ីន ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​នៅ​បឹង​ពណ្ណរាយ បាន​ថ្លែង​ថា ចាប់​តាំង​ពី​អាជ្ញាធរ​បង្ក្រាប​បទ​ល្មើស​នេសាទ ហើយ​មាន​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ផង​នោះ​គឺ​ផល​ត្រី​បាន​កើន​ឡើង​ជាង​ពេល​កន្លង​មក ៖ «តាំង​ពី​គាត់​លែង​​មក​គឺ​ថា វា​កើន​បន្តិច​ដែរ ហើយ​តាំង​ពី​សហគមន៍​នេះ​គេ​ចុះ​ចាប់​ចុះ​អ៊ីចឹង​ទៅ​ពួក​អ្នក​ឆក់​ហ្នឹង​ណា នេះ​វា​បាន​ត្រី​ច្រើន​ដែរ។ បាទ! មួយ​យប់​បាន ៣ ឬ ៤ ឬ ៥​គីឡូ​ក្រាម​ដែរ ពី​មុន​មក​អត់​បាន​ប៉ុណ្ណឹង​ទេ គឺ​ឆក់​ច្រើន​ពេក។ ខ្ញុំ​ថា អាច​កើន​ជាង​មុន​ទៅ​ទៀត​ពី ៥​គីឡូ អី​ទៅ ១០​គីឡូ​ទៅ ខ្ញុំ​សង្ឃឹម​អ៊ីចឹង»


មន្ត្រី​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា ផល​ត្រី​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ នឹង​កើន​ឡើង ដោយ​សារ​តែ​ឡូត៍​នេសាទ​មួយ​ចំនួន​បាន​បិទ និង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​បាន​ច្រើន​ផង​នោះ៕


Share this article :

0 comments:

Post a Comment