Latest Article Get our latest posts by subscribing this site


មន្ត្រី​យោធា​ខ្មែរ​ចែក​រំលែក​ព័ត៌មាន​ជា​មួយ​មន្ត្រី​យោធា​អាមេរិក

Saturday, May 31, 2014








2011-08-29


មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា បាន​ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ជូន​មេ​បញ្ជា​ការ​យោធា​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក ដែល​មក​បំពេញ​ទស្សនកិច្ច។



មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​សំដែង​ការ​ពេញ​ចិត្ត​អំពី​លទ្ធផល​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ទ្វេភាគី រវាង​មេ​បញ្ជា​ការ​ភូមិ​ភាគ​ទី​៤ កម្ពុជា និង​មេ​បញ្ជា​ការ​ភូមិភាគ​ទី​២ របស់​ថៃ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន សន្តិសុខ និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រួម​គ្នា នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ។


ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី រវាង​នាយ​ឧត្ដមសេនីយ៍ នាង ផាត ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ជា​មួយ​និង​ឧត្ដមសេនីយ៍​ត្រី រីឆាត ស៊ីមខក (Richard Simcock) ជា​នាយក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍ នៃ​ក្រសួង​ការ​ពារ​ជាតិ​សហ​រដ្ឋ​អាមេរិក នៅ​ឯ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១។


នាយ​ឧត្ដមសេនីយ៍ នាង ផាត ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​អន្តរ​ក្រសួង សម្របសម្រួល​ព័ត៌មាន​ឆាប់​រហ័ស​ពី​សមរភូមិ និង​សន្តិសុខ​ជាតិ បាន​មាន​ប្រសាសន៍​ថា ភាគី​យោធា​ថៃ និង​កម្ពុជា បាន​ឯកភាព​គ្នា​អនុវត្ត​តាម​សាលដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ)។ លោក​បន្ត​ថា ៖ "យើង​បាន​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ និង​បាន​ឯក​ភាព​គ្នា​ធ្វើ​ម៉េច​កសាង​តំបន់​ព្រំដែន​នេះ ជា​តំបន់​មាន​សន្តិភាព និង​ស្ថិរភាព និង​សហ​ប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា។ ក្រៅ​ពី​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯក​ភាព​ថា យើង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​អនុវត្ត​នូវ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ ថ្ងៃ​ទី​១៨ ខែ​កក្កដា"


លោក នាង ផាត បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) នៅ​ខែ​កញ្ញា ឆ្នាំ​២០១១ នៅ​ក្នុង​ប្រទេស​កម្ពុជា​ខាង​មុខ​នេះ។


ឧត្ដម​សេនីយ៍​ត្រី រីឆាត ស៊ីម​ខក មិន​បាន​មាន​ប្រសាសន៍​ចំៗ ទៅ​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កន្លង​មក​នោះ​ទេ ប៉ុន្តែ​លោក​បាន​សំដែង​ការ​សាទរ​ចំពោះ​ប្រទេស​កម្ពុជា គ្រោង​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ។ លោក​បន្ត​ថា ៖ "ក្រសួង​ការ​ពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ផ្ដល់​ជំនួយ​នានា​តាម​សេចក្ដី​ត្រូវ​ការ​ដល់​ប្រទេស​កម្ពុជា"


មេ​បញ្ជា​ការ​នៃ​យោធ​ភូមិ​ភាគ​ទី​៤ លោក ជា ម៉ន និង​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​២ លោក តាវ៉ាត់​ឆៃ សា​ម៉ុត​សា​ខន (Tawatchai Samutsakhon) បាន​បើក​កិច្ច​ប្រជុំ​ទ្វេភាគី​សំខាន់​មួយ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១១ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​នគរ​រាជ​សីមា ប្រទេស​ថៃ​ផ្ដោត​លើ​ការ​ដក​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ៕


មន្ត្រី​ជលផល​​លែង​ត្រី​ប្រមាណ​៤​ម៉ឺន​ក្បាល​នៅ​បឹង​ធម្មជាតិ








2011-08-30


ក្រុម​មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​ធ្វើ​ទិវា​លែង​​ត្រី​ទៅ​បឹង​ធម្មជាតិ​ប្រមាណ ៤​ម៉ឺន​ក្បាល និង​ដុត​កម្ទេច​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​ចាប់​បាន​ក្នុង​ពេល​កន្លង​មក។



RFA/Mom Sophon


មន្ត្រី​ជលផល​លែង​កូន​ត្រី​នៅ​បឹង​ធម្មជាតិ​ពណ្ណរាយ នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១។




លោក ណៅ ធួក ប្រធាន​រដ្ឋបាល​ជលផល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ក្នុង​ទិវា​មច្ឆា​ជាតិ​នេះ គឺ​ក្នុង​ន័យ​បង្កើន​ផល​ត្រី​នៅ​ក្នុង​បឹង​ធម្មជាតិ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់។


លោក​បន្ត​ថា ៖ «ប្រជាពលរដ្ឋ​យើង​កើត​យ៉ាង​ច្រើន​ដែល​តម្រូវ​ឲ្យ​យើង​មិន​អាច​ប្រើប្រាស់​ត្រី​ធម្មជាតិ​នេះ​គ្រប់​គ្រាន់​ទេ ចាំបាច់​ត្រូវ​តែ​លែង​នេះ​មួយ​ផ្នែក ហើយ​ចិញ្ចឹម​នេះ​មួយ​ផ្នែក​ទៀត ហើយ​ថ្មីៗ​នេះ​ឯកឧត្ដម លោក​ជំទាវ លោក​លោកស្រី ជ្រាប​ស្រាប់​ហើយ​ថា សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន លោក​សម្រេច​ចិត្ត​មួយ​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​ផល​ត្រី​នៃ​ប្រទេស​កម្ពុជា​យើង​កើន​ឡើង​វិញ ជា​ពិសេស​បឹង​ទន្លេ​សាប​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ជង្រុក​ត្រី​នៅ​តំបន់​អាស៊ី។ លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្អាក​ឡូត៍​នេសាទ ដក​ឡូត៍​នេសាទ​រយៈពេល ៣​រដូវ​សិន»។ 


ផល​ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​រង​ការ​បំផ្លាញ​ដោយសារ​តែ​មាន​ជនល្មើស​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដើម្បី​នេសាទ​ត្រី។ 


មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​បាន​លែង​កូន​ត្រី និង​មេត្រី​ពូជ​ប្រមាណ ៤​ម៉ឺន​ក្បាល​ចូល​ទៅ​បឹង​ធម្មជាតិ​មួយ​ក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១។ 


លោក ងឹន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១១ នេះ អាជ្ញាធរ​ចាប់​ឧបករណ៍​នេសាទ​លូ​ស្បៃ​មុង​បាន ២០០​មាត់ របាំង​ស្បៃ​មុង​បាន ៩.៣៥០​ម៉ែត្រ របាំង​ព្រួល ១.២០០​ម៉ែត្រ។


អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិម៉ា ថ្លែង​សុំ​ឲ្យ​ជួយ​រក្សា​ត្រី​នៅ​ក្នុង​បឹង​ធម្មជាតិ​ដើម្បី​ទុក្ខ​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ដោយ​ស្រប​ច្បាប់។


លោក​បន្ត​ថា អាជ្ញាធរ​ប្រើ​វិធានការ​ខ្លាំង​ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តែ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នោះ ៖ «ហើយ​លែង​ទៅ​ដល់​ត្រី​ធំ​ធាត់​គ្មាន​អ្នក​ណា​ចាប់​ក្រៅ​ពី​បង​ប្អូន​នៅ​ទី​ហ្នឹង​ទេ។ ដូច្នេះ​បង​ប្អូន​ត្រូវ​ថែ គឺ​កុំ​ប្រើ​ឧបករណ៍​ដែល​យើង​និយាយ​អម្បាញ់​មិញ​អ៊ីចឹង ឆក់ ស្បៃ​មុង គឺ​ចង្រៃ​ណាស់ អស់​រលីង​តែ​ម្ដង និយាយ​រួម​គឺ​ពាយ​តែ​ម្ដង។ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​ច្បាស់​ថា លើក​ទី​មួយ​យក​ឧបករណ៍​មក​ដុត លើក​ទី​ពីរ​គឺ​ចាប់​មនុស្ស​ហើយ»។ 


នៅ​ក្នុង​ពិធី​មច្ឆា​ជាតិ​នោះ ក្រៅ​ពី​លែង​កូន​ត្រី និង​មេត្រី​ពូជ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ អាជ្ញាធរ​ក៏​បាន​ដុត​កម្ទេច​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ដូច​ជា​ស្បៃ​មុង និង​ឧបករណ៍​ឆក់​ត្រី​ជា​ដើម ដែល​អាជ្ញាធរ​ចាប់​បាន​កាល​ពី​ពេល​កន្លង​មក​នោះ។ 


លោក ស៊ឹម ស៊ីន ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​នៅ​បឹង​ពណ្ណរាយ បាន​ថ្លែង​ថា ចាប់​តាំង​ពី​អាជ្ញាធរ​បង្ក្រាប​បទ​ល្មើស​នេសាទ ហើយ​មាន​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ផង​នោះ​គឺ​ផល​ត្រី​បាន​កើន​ឡើង​ជាង​ពេល​កន្លង​មក ៖ «តាំង​ពី​គាត់​លែង​​មក​គឺ​ថា វា​កើន​បន្តិច​ដែរ ហើយ​តាំង​ពី​សហគមន៍​នេះ​គេ​ចុះ​ចាប់​ចុះ​អ៊ីចឹង​ទៅ​ពួក​អ្នក​ឆក់​ហ្នឹង​ណា នេះ​វា​បាន​ត្រី​ច្រើន​ដែរ។ បាទ! មួយ​យប់​បាន ៣ ឬ ៤ ឬ ៥​គីឡូ​ក្រាម​ដែរ ពី​មុន​មក​អត់​បាន​ប៉ុណ្ណឹង​ទេ គឺ​ឆក់​ច្រើន​ពេក។ ខ្ញុំ​ថា អាច​កើន​ជាង​មុន​ទៅ​ទៀត​ពី ៥​គីឡូ អី​ទៅ ១០​គីឡូ​ទៅ ខ្ញុំ​សង្ឃឹម​អ៊ីចឹង»


មន្ត្រី​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា ផល​ត្រី​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ នឹង​កើន​ឡើង ដោយ​សារ​តែ​ឡូត៍​នេសាទ​មួយ​ចំនួន​បាន​បិទ និង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​បាន​ច្រើន​ផង​នោះ៕


តំណាង​សហគមន៍​ការពារ​ព្រៃឈើ​៤​ខេត្ត​ជួប​ប្រជុំ​សម្ដែង​កង្វល់








2011-08-31


តំណាង​សហគមន៍​ការពារ​ព្រៃឈើ ដីធ្លី និង​ការពារ​ផល​នេសាទ​មក​ពី​ខេត្ត​ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ជាង ៥០​នាក់ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សណ្ឋាគារ​ក្នុង​ទី​រួម​ខេត្ត​បាត់ដំបង អស់​រយៈពេល​បី​ថ្ងៃ​ហើយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១១ នេះ ដោយ​បាន​នាំ​គ្នា​ពិភាក្សា​គ្នា​លើ​បញ្ហា​ផ្សេងៗ​ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ​នៅ​តាម​សហគមន៍។



លោកស្រី អឿន សារីម តំណាង​សហគមន៍​មក​ពី​តំបន់​បឹងប្រាំ ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា ថា កង្វល់​ធំៗ​ចំនួន​បី​ចំណុច​ដែល​បញ្ហា​ទាំង​នោះ​មាន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​បទល្មើស​នេសាទ និង​ការ​បាត់បង់​ធនធាន​ព្រៃឈើ។ 


លោកស្រី​បន្ត​ដូច្នេះ ៖ «បើ​និយាយ​ទៅ​ស្ទើរ​តែ​ទូទាំង​ប្រទេស​កម្ពុជា យើង​ជួប​ប្រទះ គឺ​បញ្ហា​ដីធ្លី​ព្រៃ​ឈើ នេសាទ អ៊ីចឹង​នៅ​ក្នុង​ហ្នឹង សហគមន៍​នីមួយៗ​ដែល​ជួប​ប្រទះ​បញ្ហា​ហ្នឹង​តាម​តំបន់​នីមួយៗ គេ​ចែក​ចេញ​ជា​ប្រាំ​តំបន់ ដោយ​ឡែក​យើង​នេះ​មាន​បួន​ខេត្ត ដោយសារ​គាត់​រង​ផល​ប៉ះពាល់​ទាក់ទង​បញ្ហា​ដីធ្លី​ព្រៃឈើ នេសាទ»


លោក ម៉េង ប៊ុនរឿន មក​ពី​ភូមិ​ក្បាលទាហាន ឃុំ​ឈើតុម ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ៖ «ដោយសារ​តែ​សម្បទាន​ច្រើន​លើសលប់​ពេក​មាន​រហូត​ទៅ​ដល់ ១៣៩ .៨៦៣​ហិកតារ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដល់​ពេល​ច្រើន​លើសលប់​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​របរ​ប្រជាពលរដ្ឋ​ជា​សំខាន់ គឺ​ប៉ះពាល់​បរិស្ថាន​យ៉ាង​ខ្លាំង​ដល់​ថ្ងៃ​អនាគត»


ចំណែក​ឯ​លោកស្រី នូ ឡេង មក​ពី​ភូមិ​សន្តិភាព ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​មើល​ស្ថាប័ន​តុលាការ ដែល​លោកស្រី​ចោទ​ថា បាន​ប្រែ​ក្លាយ​សំណុំ​រឿង​ទំនាស់​ដីធ្លី​ជា​បទល្មើស​ផ្សេងៗ ដើម្បី​ចាប់​មនុស្ស​ឃុំ​ខ្លួន ៖ «សុំ​ផ្សព្វផ្សាយ​ឲ្យ​ទៅ​ដល់​រដ្ឋាភិបាល​ឲ្យ​គាត់​ជួយ​រក​ខុស​ត្រូវ ជួយ​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ​ផង។ បញ្ហា​កើត​ឡើង​រឿង​ដី ដល់​ពេល​ចាប់​គ្នា​មក​គឺ​ក្លាយ​ទៅ​ប៉ុនប៉ង​មនុស្ស​ឃាត សុទ្ធ​តែ​ប្លន់ សូម​កុំ​ឲ្យ​មាន​អា​ក្បាច់​ហ្នឹង​អី លោក​តុលាការ!»


ប្រធាន​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង លោក ស៊ុន តឹក បាន​មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​ប្រជា​សហគមន៍​នៅ​ក្នុង​ខេត្ត​ទាំង​បួន នៃ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា។


លោក​បាន​សង្កត់​ធ្ងន់​ថា ករណី​ដីធ្លី ព្រៃឈើ និង​បទល្មើស​នេសាទ​នៅ​តែ​មាន​ឡើង​នៅ​តាម​បណ្ដាល​សហគមន៍​ទាំង​នោះ​ដដែល ៖ «បញ្ហា​មួយ​ចំនួន​យើង​បាន​ដោះស្រាយ​បណ្តើរៗ ប៉ុន្តែ​វា​អត់​បាន​ទទួល​លទ្ធផល​អី​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ សមត្ថកិច្ច និង​អាជ្ញាធរ​គាត់​ដោះ អ៊ីចឹង​កន្លែង​ខ្លះ​នៅ​មិន​ទាន់​មាន​ដំណើរការ​តែម្ដង។ អ៊ីចឹង​យើង​ក្នុង​នាម​អង្គការ​លីកាដូ ខ្ញុំ​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​ទាំង ៤​ខេត្ត ក៏​ដូចជា​សមត្ថកិច្ច​សុំ​ជួយ​ដោះស្រាយ​សហគមន៍​ដែល​គាត់​មាន​កង្វល់»


អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា ប្រសិន​បើ​រាជរដ្ឋាភិបាល​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង​នៅ​តាម​សហគមន៍​ នៅ​តាម​បណ្តា​ខេត្ត​ទាំង​នោះ​ទេ បញ្ហា​នៅ​តែ​កើត​មាន​បន្ត​មិន​ចេះ​ចប់ ដែល​អាច​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កើន​ឡើង ហើយ​ប្រជាពលរដ្ឋ​អាច​នឹង​មាន​ងើប​ឡើង​ប្រឆាំង​ជំទាស់ ដែល​នាំ​ទៅ​រក​ការ​រាំង​ស្ទះ​ដល់​ផែន​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ថែម​ទៀត៕


ទូត​អាមេរិក​រៀបចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​យុវជន​ចាម








2011-08-28


ខែ​រ៉ម៉ាឌន ហៅ​ជា​ភាសា​អារ៉ាប មាន​ន័យ​ថា​ខែ​បួស ជា​ខែ​មួយ​ដ៏​វិសេស​វិសាល​ចំពោះ​អ្នក​មាន​ជំនឿ​លើ​សាសនា​ឥស្លាម។



RFA/Tin Zakariya


ជន​ជាតិ​ចាម​ចូល​រួម​ពិធី​ស្រាយ​បួស​នៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នា​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ សីហា ២០១១




ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ មាន​ភាព​អ៊ូអរ​ខុស​ប្លែក​ពី​ថ្ងៃ​ធម្មតា ដោយ​សារ​គេ​បាន​រៀប​ចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​យុវជន​ជន​ជាតិ​ចាម ប្រមាណ​១៥០​នាក់ ក្នុង​គោល​បំណង​ស្វែង​យល់​អំពី​អ្នក​មាន​ជំនឿ​សាសនា​ផ្សេង​គ្នា និង​បង្ហាញ​ពី​ភាព​មិន​រើសអើង​គ្នា​ទៅ​វិញ​ទៅ​មក។


ការ​រៀបចំ​កម្មវិធី​ស្រាយ​បួស​នេះ ជា​លើក​ទី​ពីរ​នៅ​ក្នុង​ឆ្នាំ​២០១១ បន្ទាប់​ពី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក បាន​រៀបចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​សាសនិក​ឥស្លាម​នៅ​ខេត្ត​កំពត ប្រមាណ​២០០​នាក់ កាល​ពី​ថ្ងៃ​ទី​១៩ សីហា។


ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី ខារ៉ូល រ៉តលី (Carol A. Rodley) មាន​ប្រសាសន៍​ថា ការ​រៀបចំ​ពិធី​ស្រាយ​បួស​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​នេះ ជា​គោល​នយោបាយ​ទូទៅ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ជុំវិញ​ពិភព​លោក ដើម្បី​ពង្រីក​ទំនាក់​ទំនង​ផ្នែក​សាសនា​ជា​មួយ​សាសនា​ដទៃ​ទៀត ៖ "ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ពង្រឹង​ទំនាក់​ទំនង​របស់​យើង ហើយ​អាច​ធ្វើ​ការ​ដើម្បី​ឲ្យ​មិត្តភាព​របស់​យើង​មាន​ភាព​ស្និទ្ធស្នាល​ថែម​ទៀត។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ជួប​មនុស្ស​ថ្មីៗ ហើយ​ឮ​គំនិត​ថ្មីៗ ស្ដីពី​វិធី​ដែល​ស្ថាន​ទូត​អាមេរិក និង​សហគមន៍​ឥស្លាម​កម្ពុជា​អាច​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​កសាង​អនាគត​ល្អ​ប្រសើរ​មួយ"


ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម៖